ជីវប្រវត្តិសង្ខេប ឯកឧត្តម បណ្ឌិត ទុន ភក្តី
Biography of H.E. Dr. TUN Pheakdey
សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)
Rector of the University of Management and Economics (UME)
ឯកឧត្តម បណ្ឌិត ទុន ភក្តី កើតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៧០ នៅភូមិព្រៃអង្គញ់ ឃុំព្រៃអង្គញ់ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា។
ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) លោកត្រូវបានគេកៀរគរ និងបង្ខំឱ្យធ្វើពលកម្មធ្ងន់ធ្ងរដោយប្រមូលជីធម្មជាតិ នៅជិតជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
នៅឆ្នាំ១៩៧៩ លោកបានភៀសខ្លួនពីសង្គ្រាមស៊ីវិលជាមួយគ្រួសារទៅរស់នៅស្រុកបាណន់ ខេត្តបាត់ដំបង។ បន្ទាប់មក លោកត្រូវបានបញ្ជូនឱ្យទៅរៀននៅសាលាបឋមសិក្សាកន្ទឺ ១ ពីឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៣។
(១៩៨៤-១៩៨៩) លោកបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបង។ (១៩៨៩-១៩៩២) លោកបានចូលសិក្សានៅសាលាសុខាភិបាលយោធា រាជធានីភ្នំពេញ (ទឹកថ្លា)។ (១៩៩២-១៩៩៧) លោកបានសិក្សា និងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ មហារីសី វេទិក នៅស្រុកកំចាយមារ ខេត្តព្រៃវែង។
(១៩៩៨-បច្ចុប្បន្ន) លោកគឺជាស្ថាបនិកនៃមជ្ឈមណ្ឌលអប់រំឧត្តមសិក្សា បន្ទាប់ពីលោកបានបញ្ចប់ការសិក្សា ដោយសារលោកមានទស្សនវិស័យក្នុងការកសាងធនធានមនុស្សនៅទូទាំងក្រុងបាត់ដំបង។ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ត្រូវបានបង្កើតឡើងនាពេលនោះទៅតាមតម្រូវការរបស់និស្សិត។ ជាលទ្ធផលនាពេលបច្ចុប្បន្ន លោកគឺជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ UME ដែលមាន ៨ សាខានៅកម្ពុជា។ ក្រោមការខិតខំប្រឹងប្រែង និងការដឹកនាំរបស់លោក សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានរីកចម្រើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ និងត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈការប្តេជ្ញាចិត្តផ្តល់នូវការអប់រំមានគុណភាព។
បច្ចុប្បន្ន លោកជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមប្រឹក្សាពិគ្រោះយោបល់ផ្ទាល់ព្រះមហាក្សត្រ។